បងប្អូនមានដែលជួបប្រទះបែបនេះឬអត់? មិនរងារទេ តែត្រជាក់តែចុងដៃ ចុងជើង។ ជាធម្មតាការត្រជាក់ចុងដៃ ចុងជើងអាចទាក់ទងនឹងកត្តាអាកាសធាតុ ឬក៏មកពីបញ្ហាចរន្តឈាម ការថយចុះនៃក្រពេញទីរ៉ូអ៊ីត ជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត និងហេតុផលផ្សេងៗទៀត ដែលអ្នកទាំងអស់គ្នាមិនគួរមើលរំលងជាដាច់ខាត។
បើត្រជាក់យូរៗម្តងប្រហែលជាមិនជាបញ្ហានោះទេ ប៉ុន្តែបើអ្នកជួបប្រទះវាញឹកញាប់ គួរតែទៅជួបវេជ្ជបណ្ឌិត។ ហើយទាំងអស់នេះគឺជាមូលហេតុ ដែលបង្កឱ្យត្រជាក់ចុងដៃចុងជើង ដែលបងប្អូនអាចកត់សម្គាល់បាន។
ទី១ ភាពស្លេកស្លាំង៖ នេះគឺស្ថានភាពមួយ ដែលបងប្អូនមានកោសិកាឈាមក្រហមមិនសូវមានសុខភាពល្អ និងដំណើរការខ្លាំងជាងធម្មតា ហើយមូលហេតុគឺបណ្តាលមកពីកង្វះជាតិដែក ដែលបង្កឲ្យ កោសិកាឈាមក្រហម មិនមានអេម៉ូក្លូប៊ីនគ្រប់គ្រាន់ (ជាតិដែក) ដឹកជញ្ជូនអុកស៊ីហ្សែនពីសួត ដោយមានការខ្វះចន្លោះ ហើយជាហេតុដែលម្រាមដៃ និងម្រាមជើងត្រជាក់។
ទី២ អ្នកប្រហែលជាប្រឈមនឹងជំងឺសរសៃឈាម៖ នៅពេលដែលសរសៃឈាមរបស់អ្នករួមតូច វាជួយកាត់បន្ថយលំហូរឈាមទៅកាន់ដៃ និងជើង។
ទី៣ ជំងឺទឹកនោមផ្អែម៖ ឈាមរត់មិនល្អ គឺជារោគសញ្ញានៃជំងឺទឹកនោមផ្អែម ជាពិសេសនៅត្រង់ចុងដៃ ដែលអាចធ្វើឲ្យដៃ និងជើងរបស់អ្នកត្រជាក់។
ទី៤ ជំងឺបេះដូង៖ ជំងឺទឹកនោមផ្អែមក៏បង្កើនហានិភ័យនៃជំងឺបេះដូង និងការរួមតូចនៃសរសៃឈាម ដោយសារជំងឺក្រិនសរសៃឈាមផងដែរ ហើយកត្តាទាំងពីរនេះ រួមចំណែកធ្វើឱ្យដៃ និងជើងត្រជាក់។
ទី៥ ការខូចខាតសរសៃប្រសាទ៖ ការរងគ្រោះនៃការខូចខាតសរសៃប្រសាទ គឺបង្កដោយជំងឺទឹកនោមផ្អែម និងការមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ក្នុងរយៈពេលយូរ។
ទី៦ ជំងឺក្រពេញទីរ៉ូអ៊ីត៖ Hypothyroidism គឺជាស្ថានភាពមួយដែលក្រពេញទីរ៉ូអ៊ីតបងប្អូនមិនដំណើរការ ឬកំពុងតែជួបបញ្ហា ហើយមិនផលិតអរម៉ូនទីរ៉ូអ៊ីតគ្រប់គ្រាន់ ដើម្បីរក្សាមុខងារមេតាបូលីសក្នុងរាងកាយឱ្យដំណើរការបានត្រឹមត្រូវ។ អារម្មណ៍ត្រជាក់គឺជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញានៃជំងឺ hypothyroidism។ រោគសញ្ញាផ្សេងទៀតរួមមាន អស់កម្លាំង ឈឺសន្លាក់ រឹង ស្បែកស្ងួត សក់ស្តើង និងបាក់ទឹកចិត្ត។
ប្រភព៖ Healthline.com
រក្សាសិទ្ធដោយ ពេទ្យយើង