ការធ្វើរបបអាហារ Keto ត្រឹមត្រូវពិតជាជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ប៉ុន្តែនៅក្នុងករណីនេះ អ្នកគួរតែប្រយ័ត្ន!!

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2024-01-27

សម្រាប់អ្នកជំងឺទឹកនោមផ្អែមការតមអាហារ និងការធ្វើលំហាត់ប្រាណ គឺពិតជាជួយបានច្រើនខ្លាំងណាស់ ក្នុងការកាត់បន្ថយកម្រិតជាតិស្ករ ប៉ុន្តែមិនមែនបានន័យថា គ្រប់អ្នកជំងឺទឹកនោមផ្អែមទាំងអស់សុទ្ធតែអាចផ្លាស់ប្តូរ ឬធ្វើរបប​អាហារ Keto បាននោះទេ!

 

នៅពេលអ្នកកំពុងញ៉ាំអាហារ Keto អ្នកដាក់កម្រិតលើអាហារដែលមានកាបូអ៊ីដ្រាតខ្ពស់ រួមមានគ្រាប់ធញ្ញជាតិ និងផ្លែឈើ ដែលភាគច្រើនជំនួសមកវិញជាមួយប្រូតេអ៊ីន និងខ្លាញ់។  នេះមានន័យថារាងកាយរបស់អ្នកនឹងបំប្លែងជាតិខ្លាញ់ ទៅជាថាមពលជំនួសឱ្យការស្រូបយកកាបូអ៊ីដ្រាតដែលងាយបំប្លែងទាំងអស់នោះ។ Keto អាចនាំឱ្យស្រកទម្ងន់យ៉ាងឆាប់រហ័ស នៅពេលដែលអនុវត្តតាមបានត្រឹមត្រូវ។

 

បើយោងតាមការស្រាវជ្រាវ គេបានបង្ហាញថា ការធ្វើរបបអាហារ Keto មានប្រសិទ្ធភាពក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ២ ដោយបញ្ចុះជាតិស្ករក្នុងឈាម និងលើកកម្ពស់ការសម្រកទម្ងន់។ ប៉ុន្តែមនុស្សមួយចំនួនអាចនឹងសួរបកវិញថា បើការធ្វើរបបអាហារ Keto មានប្រសិទ្ធភាពចំពោះអ្នកជំងឺទឹកនោផ្អែមមែន ហេតុអ្វីត្រូវព្រួយបារម្ភពីបញ្ហានេះ?

 

សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម គួរតែមានការព្រួយបារម្ភ ព្រោះថា​ប្រសិន​បើ​ជាតិ​ស្ករ​ក្នុង​ឈាម​​ធ្លាក់​ចុះ​ទាប​ពេក វាអាចបង្កគ្រោះថ្នាក់។ ជាពិសេស ប្រសិនបើអ្នកកំពុងប្រើថ្នាំប្រឆាំងជំងឺទឹកនោមផ្អែម ឬប្រើអាំងស៊ុយលីន វ​ានឹងបង្កប្រតិកម្មថ្នាំ ធ្វើឲ្យកម្រិតជាតិគ្លុយកូសក្នុងឈាម ទាបជាងកម្រិតធម្មតាប្រហែល ៧០មីលីក្រាមក្នុងមួយដេស៊ីលីត្រ។

 

ដូចនេះសម្រាប់អ្នកជំងឺទឹកនោមផ្អែម គួរតែតាមដានកម្រិតជាតិស្ករនៅក្នុងឈាមឲ្យបានទៀងទាត់ ឬគួរតែពិគ្រោះជាមួយលោកវេជ្ជបណ្ឌិតជាមុនសិន មុនធ្វើរបបអាហារ Keto។

 

ប្រភព៖ Cleveland Clinic

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង