តើអ្នកទាំងអស់គ្នាដឹងអ្វីខ្លះពីឈាមរដូវ? តាមដែលមនុស្សទូទៅដឹង ឈាមរដូវគឺមិនស្អាតទេ ជាឈាមកខ្វក់មានសុទ្ធតែបាក់តេរីនៅក្នុងនោះ ហើយក្នុងវប្បធម៌ខ្លះ គេអាចចាត់ទុកថា ឈាមនេះមិនបរិសុទ្ធនោះទេ។ យល់ដូចម្ដេចដែរ ប្រសិនបើអ្នកទាំងអស់គ្នាដឹងថា ឈាមរដូវមិនកខ្វក់នោះទេ តាមពិតទៅវាជាឈាម ដែលស្អាតដូចឈាមនៅក្នុងសរសៃវ៉ែនដែរ។
នៅក្នុងគេហទំព័រមួយមានឈ្មោះថា The Chatty Gal គេបាននិយាយថា ផ្ទុយពីអ្វីដែលយើងតែងតែយល់ឃើញកន្លងមក គឺឈាមរដូវមានសភាពស្អាត ដូចឈាមសរសៃឈាមវ៉ែនដែរ គឺឈាមដែលមកពីគ្រប់ផ្នែកផ្សេងៗក្នុងរាងកាយ ហើយវាគ្មានគ្រោះថ្នាក់ទេ ដរាបណាអ្នកមិនមានជំងឺក្នុងឈាម។
The Chatty Gal បានលើកយកអំណះអំណាងជាច្រើន ផ្អែកតាមការពិសោធន៍ លើសមាសធាតុមីក្រូទស្សន៍នៃឈាមរដូវ។ ទោះជាយ៉ាងណា គេមិនបានលម្អិតនូវកម្រិតអាតូមិចនោះទេ។ ក្នុងការសិក្សាស្រាវជ្រាវនេះ គេបានលើកយកអំណះអំណាងជាច្រើន ប៉ុន្តែពេទ្យយើង សុំលើកយកតែ៣ចំណុចដែលសំខាន់សម្រាប់បងប្អូនអ្នកអាន ឬអ្នកទស្សនាបានជ្រាបតែប៉ុណ្ណោះ!
១. ឈាមរដូវ
អ្នកស្រាវជ្រាវលើកឡើងថា មិនចាំបាច់បារម្ភច្រើន ចំពោះពណ៌ឈាមរដូវនោះទេ។ ពណ៌ឈាមរដូវមិនស្រស់ ដោយសារតែឈាមបានចំណាយពេលយូរពេក ក្នុងការចាកចេញពីស្បូន ឬដោយសារតែអ្នកមានបញ្ហាគាំងរដូវជាដើម នោះទើបធ្វើឱ្យពណ៌ឈាមស្រអាប់។ ប៉ុន្តែបើលោកអ្នកមានការព្រួយបារម្ភ លោកអ្នកអាចទៅពិគ្រោះសុខភាព ជាមួយវេជ្ជបណ្ឌិត។
២. ក្លិនឈាមរដូវ
ក្លិនរបស់ឈាមរដូវ ជាក្លិនធម្មជាតិរបស់វា ហើយក៏អាស្រ័យទៅតាមកម្រិត នៃអាំងតង់ស៊ីតេក្នុងខ្លួនមនុស្ស ខុសៗគ្នាផងដែរ។ ហើយបើអ្នកសង្កេតឃើញថា មានក្លិនមិនល្អ មិនមែនជាក្លិននធម្មជាតិ វាអាចបណ្ដាលមកពីអ្នក ប្រើប្រាស់សំឡីអនាម័យ ដែលទុកយូរពេក ឬមិនសូវផ្លាស់ប្តូរគ្រប់គ្រាន់។ កត្តាមួយទៀតគឺ វាក៏អាចមកពីបាត់តេរីនៅក្នុងទ្វាមាសផងដែរ។
៣. ទឹករំអិលចេញពីទ្វារមាស និងមាត់ស្បូន
បើអ្នកសង្កេតមើលរាល់ពេល ដែលអ្នកមករដូវប្រចាំខែ អ្នកនឹងឃើញថាការមករដូវ មិនត្រឹមតែជាឈាមរដូវតែមួយមុខនោះទេ។ ក្នុងឈាមរដូវមានសមាសធាតុជាច្រើនទៀត។ វាមានទឹករំអិល ដែលភាគច្រើនគឺជាសារធាតុ ដែលត្រូវបានបង្កើតឡើងពីជាតិទឹក និងអេឡិចត្រូលីត ដូចជា សូដ្យូម ឬប៉ូតាស្យូម ដើម្បីជួយរក្សា pH ឱ្យបានទាប និងការពារបាក់តេរី ប្លែកៗពីការរីកដុះដាល។ នោះមានន័យថា វាក៏មានអត្ថប្រយោជន៍ ចំពោះសុខភាពផងដែរ។
ប្រភព៖ The Chatty Gal
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង