នារីៗជាច្រើន នៅពេលលឺថាស្រុតស្បូន មានអារម្មណ៍ភ័យខ្លាចមែនទេ? ស្ត្រីដែលមានបញ្ហាស្រុតស្បូន តែងជួបប្រទះបញ្ហាទ្វារមាស បញ្ហានោម បញ្ហាបន្ទោរបង់ ហើយឈឺចាប់បរិវេណត្រគាក ពិបាកដល់ជីវិតប្រចាំថ្ងៃ។ ជិតពាក់កណ្ដាល នៃស្ត្រីអាយុចន្លោះពី ៥០ឆ្នាំ ទៅ ៧៩ឆ្នាំទាំងអស់ សុទ្ធតែប្រឈមនឹងបញ្ហាស្រុតស្បូន។
តើបញ្ហាស្រុតស្បូន ជាបញ្ហាអ្វីទៅ? ហើយមានរោគសញ្ញាបែបណាខ្លះ? តើវាបង្កដោយមូលហេតុអ្វី? សូមអានអត្ថបទលម្អិត ដើម្បីស្វែងយល់ពីបញ្ហាស្រុតស្បូន។
តើអ្វីទៅជាបញ្ហាស្រុតស្បូន?
បញ្ហស្រុតស្បូន កើតឡើងនៅពេលសាច់ដុំឆ្អឹងអាងត្រគាក និងសរសៃចង មានសភាពយារហើយខ្សោយ រហូតដល់សរីរាង្គទាំពីរនេះ មិនអាចគាំទ្រដល់ស្បូនរបស់ស្ត្រីបានគ្រប់គ្រាន់នោះទេ។ នោះវានាំឱ្យស្បូន ធ្លាក់ចុះ ឬលេចចេញតាមទ្វារមាស។ ជាទូទៅ ស្ត្រីអាចកើតមានបញ្ហាស្រុតស្បូន ក្រោយសម្រាលកូនរួច។
រោគសញ្ញា
បញ្ហាស្រុតស្បូន ស្ថានភាពស្រាល មិនបង្ហាញនូវរោគសញ្ញានោះទេ។ នៅពេលដែលវាលេចចេញរោគសញ្ញា នោះមានន័យថាស្ត្រីស្ថិតក្នុងស្ថានភាពមធ្យម ឬធ្ងន់ធ្ងរ។ រោគសញ្ញាទាំងនោះមានដូចជា៖
១. ឃើញដោយភ្នែក ឬមានអារម្មណ៍ ថាមានជាលិកាលៀនចេញមកខាងក្រៅទ្វារមាស
២. ឆ្អឹងអាងត្រគាកមានអារម្មណ៍ធ្ងន់ ឬមានអារម្មណ៍ថាទាញៗ
៣. មានអារម្មណ៍ថា នោម ឬបន្ទោរបង់មិនអស់
៤. នោមមិនទៀងទាត់ ឬលេចនោម
៥. មានបញ្ហាលើការបញ្ចេញចោល ឬរាល់ពេលបញ្ចេញចោល ស្ត្រីត្រូវការប្រើម្រាមដៃចុចទ្វារមាស ដើម្បីជំនួយការបញ្ចេញចោល
៦. មានអារម្មណ៍ថា កំពុងអង្គុយលើកូនបាល់តូចមួយ
៧. មានអារម្មណ៍ថា ជាលិកាទ្វារមាស កំពុងកកិតនឹងក្រណាត់
៨. មានសម្ពាធ ឬមិនស្រួល នៅឆ្អឹងអាងត្រគាក ឬនៅខ្នងផ្នែកខាងក្រោម
៩. នៅពេលរួមភេទ មានអារម្មណ៍ថាជាលិកាទ្វារមាសយាររលុង
មូលហេតុបង្ក
ការស្រុតស្បូន កើតមានដោយសារកត្តាចម្បងមួយគឺ ការខ្សោយសាច់ដុំឆ្អឹងអាងត្រគាក និងជាលិកាទប់ស្បូន។ កាលណាដែលវាខ្សោយ វាបង្កជាការស្រុតស្បូន។ ទាំងនេះជាមូលហេតុបង្កឱ្យ សាច់ដុំឆ្អឹងអាងត្រគាក និងជាលិកាចុះខ្សោយ៖
១. ការសម្រាលកូនតាមទ្វារមាស (បែបធម្មជាតិ)
២. ស្ត្រីមានកូនដំបូង នៅពេលដែលមានអាយុច្រើន
៣. ពិបាកសម្រាល ឬមានរបួសក្នុងពេលសម្រាល
៤. សម្រាលទារកថ្លោះ
៥. ស្ត្រីមានបញ្ហាលើសទម្ងន់
៦. ស្ត្រីមានកម្រិតអេស្ត្រូសែនទាប បន្ទាប់ពីអស់រដូវ
៧. មានបញ្ហាទល់លាមក ឬតែងតែបន្ទោរបង់តឹងគ្រប់ពេល
៨. មានជំងឺក្អករ៉ាំរ៉ៃ ឬមានជំងឺរលាកទងសួត
៩. លើកធ្ងន់ច្រើន
វិធីព្យាបាល
១. ហាត់ប្រាណពង្រឹងសាច់ដុំឆ្អឹងអាងត្រគាក
២. ប្រើឧបករណ៍វេជ្ជសាស្ត្រជំនួយ (ដាក់ចូលក្នុងទ្វារមាស)
៣. ទទួលការវះកាត់
វិធីបង្ការ
១. ជៀសវាងការទល់លាមក (ញ៉ាំទឹកឱ្យបានច្រើន ញ៉ាំបន្លែផ្លែឈើ គ្រាំសណ្ដែក-ល-)
២. ជៀសវាងការលើកធ្ងន់
៣. គ្រប់គ្រង និងព្យាបាលជំងឺក្អក
៤. ជៀសវាងបញ្ហាលើសទម្ងន់
ប្រភព៖ Mayo Clinic https://www.mayoclinic.org/ & John Hopkins Medicine https://www.hopkinsmedicine.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង